ក្រសួងសម្រេចលុបចោលលក្ខខណ្ឌចំនួន៣ សម្រាប់អ្នកដំណើរមកពីបរទេស

[ក្នុងស្រុក] យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានធ្វើការប្រកាសចេញជាសារធាណៈថាយោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ចុះនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចដូចខាងក្រោម៖ ១. លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ចមានក្នុងរយៈពេល ៧២ម៉ោងមុនពេលមកដល់កម្ពុជា។ ២. លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ ៣. អនុញ្ញាតឱ្យបើកដំណើរការទ្បើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (visa on Arrival) សម្រាប់ដំណើរអន្តរជាតិទាំងអស់ទាំងអ្នកដំណើរផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ យ៉ាងណាមិញទោះបីជាមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង ជាមួយនឹងអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ដោយទ្បែកចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាទ្បីស័ករយៈពេល ១៤ ថ្ងៃនៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។ សូមបញ្ជាក់ថាគិតមកត្រឹមពេលនេះចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាសរុប ១៣៤,៦២៤ នាក់, អ្នកជាសះស្បើយ ១៣០,៤០៧ នាក់ និងអ្នកស្លាប់ ៣,០៤៩ នាក់ ៕